ឯកឧត្ដម អ៊ុន ទឹម អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ក្នុងកម្មវិធីបិទសិក្ខាសាលានេះ ឯកឧត្ដមសង្ឃឹមថាសិក្ខាកាមទាំងអស់បានទទួលចំណេះដឹងបន្ថែមអំពីគោលការណ៍និងវិធីសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការថវិកាសមិទ្ធកម្មរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅបណ្ដាឆ្នាំខាងមុខ ស្របតាមក្របខណ្ឌពេលវេលារបស់ផែនការសកម្មភាពដើម្បីអនុវត្តយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ សិក្ខាសាលាលើកទី៥នេះ គឺជាការពង្រឹងសមត្ថភាពតាមរយៈការបំពេញនូវចំណុចខ្វះខាតដែលជាបញ្ហាប្រឈមរបស់អង្គភាពនីមួយៗបានជួបប្រទះកន្លងមក ជាពិសេសដោយផ្តោតលើការពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។

មុននឹងប្រកាសបិទសិក្ខាសាលារយៈពេល២ថ្ងៃនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងថ្មីៗដែលទទួលបានពីសិក្ខាសាលានេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ដំណាក់កាលទី៤ ដែលផ្តោតលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងត្រូវចូលរួមផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងដែលទទួលបានដល់សហការីរបស់ខ្លួន ដើម្បីធានានិរន្តរភាពនៃប្រសិទ្ធភាពការងាររៀបចំផែនការយុទ្ធសាស្ត្រថវិកាសមិទ្ធកម្មរបស់ក្រសួង។ ទន្ទឹមគ្នានេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះគ្រូបង្គោលនិងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះដោយជោគជ័យតាមផែនការ។

សូមបញ្ជាក់ថា សិក្ខាសាលាវិបស្សនានេះ បានរៀបចំឡើងពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់សិក្ខាកាមចំនួន១២០នាក់ ដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីពីគ្រប់អង្គភាពក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលាក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ គឺជាសិក្ខាសាលាលើកទី៥ ដើម្បីបន្តបង្កើនសមត្ថភាពធនធានមនុស្សលើការរៀបចំនិងអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង។

រូបភាពនិងខ្លឹមសារ៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *