នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងកម្មវិធីផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវគម្រោងផ្ទះខ្មែរនៅតំបន់ប្រាសាទបាសែត ខេត្តបាត់ដំបង ដែលសហការរៀបចំ ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យអូរីហ្គិន ដោយមានការចូលរួមពីលោកស្រីបណ្ឌិត អាលីសាន់ ខាតធើ សហប្រធានគម្រោង ព្រះចៅអធិការវត្តប្រាសាទបាសែត ឯកឧត្តមប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ប្រាសាទបាសែតសរុបចំនួន១២៨នាក់។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវលទ្ធផលកំណាយស្រាវជ្រាវគម្រោង “ផ្ទះខ្មែរ” ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ជូនទៅដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ប្រាសាទបាសែត ឲ្យបានយល់ដឹង និងឈ្វែងយល់នូវរបកគំហើញដែលក្រុមការងារជំនាញបានស្រាវជ្រាវរកឃើញ ដោយមានការដាក់តាំងបង្ហាញនូវវត្ថុសិល្បៈដែលបានរកឃើញពីកំណាយ និងទស្សនារណ្តៅកំណាយ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋលេខាធិការក៏បានមានមតិសំណេះសំណាល និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ឱ្យយល់កាន់តែច្បាស់នូវគុណតម្លៃនៃការងារស្រាវជ្រាវ ជាពិសេសគុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិ សម្រាប់ប្រជាជាតិទាំងមូល និងប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ ហេតុនេះចាំបាច់ណាស់ត្រូវការ ប្រជាពលរដ្ឋគ្រប់រូប ចូលរួមជួយថែរក្សាបេតិកភណ្ឌដែលមានក្នុងតំបន់របស់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន។
សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាក្នុងឆ្នាំ២០២៣នេះ មានរយៈពេលជាង៧សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ផ្តោតសំខាន់អំពីទួលបុរាណ ការរស់នៅរបស់មនុស្សនៅលើទួល សង្គមនិងសកម្មភាពសេដ្ឋកិច្ចនាសម័យអតីតកាលជាដើម៕















Laisser un commentaire