……………………………………
កាលពីថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀបចំការប្រកួត “ល្បែងប្រពៃណីវាយប្រដំពានរង្វាន់ស្រុកស្វាយទាប។
ក្នុងព្រឹត្តិការណ៍ប្រកួតល្បែងប្រពៃណីនេះ ឯកឧត្តមអគ្គនាយកបច្ចេកទេសវប្បធម៌ និងឯកឧត្តមអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី និងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីអភិបាលរងស្រុកស្វាយទាប លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង លោកប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកស្វាយទាប លោកមេឃុំ ព្រមទាំងលោក-លោកស្រីនាយក នាយិកាវិទ្យាល័យ និងអនុវិទ្យាល័យចំណុះស្រុកស្វាយទាប។
ការប្រកួតល្បែងប្រពៃណីវាយប្រដំយកពានរង្វាន់ថ្នាក់ស្រុកនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្សជាក្រុមកីឡាវាយប្រដំប្រចាំវិទ្យាល័យ និងអនុវិទ្យាល័យក្នុងស្រុកស្វាយទាប និងក្រុមកីឡាវាយប្រដំប្រចាំភូមិទាំង៦ ចំណុះឃុំព្រៃតាអី សរុបមាន២៤ក្រុម ស្មើនឹង៣៧០នាក់។
ក្នុងការប្រកួតយកពានរង្វាន់ខាងលើ គេសង្កេតឃើញសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមគាំទ្រយ៉ាងច្រើនកុះករ។ ជាលទ្ធផលនៃការប្រកួតគឺ ពានរង្វាន់លេខ១និងលេខ២ បានទៅអនុវិទ្យាល័យស្វាយរំពារ (ក្រុមទី១ និងទី២) និងពានរង្វាន់លេខ៣ បានទៅក្រុមកីឡាមកពីភូមិស្វាយផ្អែម។ ចំពោះក្រុមទទួលបានពានរង្វាន់លេខ១ ទទួលបានថវិកាចំនួន១,៥០០,០០០៛ លេខ២ ទទួលបានថវិកាចំនួន១,២០០,០០០៛ លេខ៣ ទទួលបានថវិកា១,០០០,០០០៛ និងក្រុមមិនបានទទួលជ័យលាភីទាំង២១ ក្រុម ទទួលបានប័ណ្ណសរសើរនិងថវិកាចំនួន ៥០០,០០០៛។
សូមបញ្ជាក់ថា ìវាយប្រដំ” ឬខ្លះហៅថា “វាយកូនគោល” ជាល្បែងប្រពៃណីមួយប្រភេទ ដែលមានក្នុងសង្គមខ្មែរស្ទើរគ្រប់ស្រុកគ្រប់តំបន់ជាយូរមកហើយ។ អ្នកស្រាវជ្រាវបានពិនិត្យឃើញថា ល្បែងវាយប្រដំ ឬវាយកូនគោលនេះ ហាក់ដូចជាទាក់ទងនឹងចម្លាក់បុរាណ ហើយមានពីរបែបគឺ ជិះអ្នកលេងជិះលើខ្នងសេះ និងអ្នកលេងរត់ថ្មើរជើង។ ការលេងកូនគោលដោយជិះខ្នងសេះនេះ គេឃើញឆ្លាក់នៅអង្គរធំក្នុងរវាងចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ នៅលើខឿនជល់ដំរីត្រង់ជ្រុងខាងជើង៕
……………………………………
សូមស្វែងយល់បន្ថែមអំពីល្បែងវាយកូនគោលលើតំណ៖
១. វាយកូនគោល ដោយលោក អ៊ឹម សុខរិទ្ធី https://www.yosothor.org/…/chapter…/vai-kon-korl-2.html
២. វាយកូនគោល ដោយលោក ស៊ីយ៉ុន សុភារិទ្ធ https://www.yosothor.org/…/chapter-two/vai-kon-korl.html
៣. ល្បែងប្រពៃណី “វាយប្រដំ” ឬ “វាយកូនគោល” https://www.youtube.com/watch?v=Wc5ET4OvAsw






























Laisser un commentaire