កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Chase Robinson នាយកសារមន្ទីរ Smithsonian National Museum of Asian Art និងក្រុមការងារនៅទីស្តីការក្រសួង។ នៅក្នុងជំនួបពិភាក្សានេះគឺបានលើកឡើងពីលទ្ធភាពក្នុងការសហការគ្នាលើគម្រោងបណ្តុះបណ្តាលមន្ត្រីជំនាញ អំពីកិច្ចការអភិរក្ស ជំនាញក្នុងការរៀបចំពិព័រណ៍ ជំនាញក្នុងការតែងនិពន្ធពន្យល់អំពីពិព័រណ៍ និងសមុច្ច័យដែលបានទាមទារត្រលប់មកប្រទេសកម្ពុជាវិញ ព្រមទាំងផែនការមួយចំនួនទៀត ដើម្បីពង្រឹង និងពង្រីកសក្តានុពលនៃការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍ដល់សាធារណជនទូទៅ។
គួររំលឹកផងដែរថា កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងសារមន្ទីរ Smithsonian ក្នុងគោលដៅដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈរបស់បុគ្គលិកសារមន្ទីរតាមរយៈការផ្លាស់ប្តូរ ការសម្របសម្រួល ការផ្តល់ប្រឹក្សាលើការគ្រប់គ្រងសារមន្ទីរ។








Laisser un commentaire