………………………………………………

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាប្រធាន និងជាតំណាងអង្គភាព មន្ទីរ និងក្រុមការងារពាក់ព័ន្ធសំខាន់ៗ ដើម្បីពិនិត្យនិងប្រមូលធាតុចូលសម្រាប់អនុវត្តទិសដៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានអង្គប្រជុំ បានបង្ហាញដោយសង្ខេបអំពីទិដ្ឋភាពរួមនៃការងារផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា (យុទ្ធសាស្ត្របញ្ចកោណ) និងទិដ្ឋភាពដោយឡែកនៃការងារផែនការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផ្ទាល់ដែលរួមមាន ផែនការយុទ្ធសាស្ត្រថវិកា, ផែនការវិនិយោគសាធារណៈ៣ឆ្នាំរំកិល, និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងមានភាពចាំបាច់ត្រូវរៀបចំក្របខណ្ឌផែនការសកម្មភាព ដើម្បីអនុវត្តទិសដៅយុទ្ធសាស្ត្រនានាដែលពាក់ព័ន្ធជាមួយវិស័យវប្បធម៌ដោយផ្ទាល់និង/ឬដោយប្រយោល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងគ្រោងបោះពុម្ពផ្សព្វផ្សាយឯកសារនេះដល់គ្រប់អង្គភាព មន្ទីរ និងក្រុមការងារសំខាន់ៗរបស់ក្រសួង ដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្ត ក៏ដូចជាការពិនិត្យតាមដាននិងវាយតម្លៃវឌ្ឍនភាពការងារ។

ផ្អែកលើមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានអង្គប្រជុំ បានស្នើដល់អង្គភាព មន្ទីរ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការរៀបចំនិងផ្ដល់ធាតុចូលមកក្រសួងឱ្យបានទាន់ពេលវេលាកំណត់ ដោយគោរពទៅតាមទម្រង់ឯកសារដែលក្រសួងបានផ្ញើជូន។ ទន្ទឹមគ្នានេះដែរ ឯកឧត្ដមប្រធានអង្គប្រជុំ ក៏បានសម្រេចលើយន្តការការងារមួយចំនួន ដើម្បីជំរុញឱ្យការងារនេះអាចរៀបចំទៅបានលឿន និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយត្រូវមានការចូលរួមពិនិត្យនិងផ្ដល់យោបល់ពីថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រមនីមួយៗ ​មុននឹងរៀបចំដាក់ជូន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិនិត្យសម្រេច។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងតាមប្រព័ន្ធ Zoom ។

ខ្លឹមសារនិងរូបភាព៖ នាយកដ្ឋានផែនការ ស្ថិតិ និងសរុប


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *