នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីនេះ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ការរៀបចំព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេស” ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាង សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អក្នុងការសហការរៀបចំព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេសប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ពិសេសដើម្បីឲ្យបានជ្រួតជ្រាបដល់ស្រទាប់យុវជន សិស្ស និស្សិត នៅតាមគ្រឹះស្ថានអប់រំ បានចូលរួមប្រឡងប្រគួតប្រជែងដណ្តើមពានរង្វាន់ជ័យលាភី ដែលនឹងប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០១៥ នៅសាលសន្និសីទចតុម្មុខ។

គូសបញ្ជាក់ផងដែលថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបើក “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៧ ឆ្នាំ២០១៥ ក្នុងគោលដៅផ្តល់ឱកាសនិងលើកទឹកចិត្តយុវជនខ្មែរទាំងនៅក្នុងនិងក្រៅប្រព័ន្ធ ឲ្យទទួលបានការអប់រំបណ្តុះបណ្តាលអំពីក្បួនខ្នាតនៃការសម្តែងសិល្បៈវប្បធម៌ជាតិ ដើម្បីបានជាចំណេះដឹងមូលដ្ឋាន សម្រាប់ឲ្យពួកគេមានការពិចារណាប្រកបដោយវិចារណញ្ញាណ និងគំនិតច្នៃប្រឌិតចំពោះវប្បធម៌សាកលភាវូបនីយកម្ម។ ទន្ទឹមនេះ ក៏ជាការលើកស្ទួយឲ្យមានការចូលរួមរបស់យុវជនទូទាំងប្រទេសក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិយើង ឲ្យបានស្ថិតស្ថេរគង់វង្សនិងរីកចម្រើនក្នុងសម័យបច្ចុប្បន្ន និងទៅអនាគត៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *