កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានចូលរួមកិច្ចប្រជុំរៀបចំផែនការការពារសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នាយឧត្តមសេនីយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី យូ ស៊ុនឡុង និង ឯកឧត្តម នាយឧត្តមសេនីយ ជួន សុវណ្ណ ដែលប្រព្រឹត្តទៅនៅទីស្តីការគណ:រដ្ឋមន្រ្តី។
កិច្ចប្រជុំខាងលើ ផ្តោតលើការត្រៀមរៀបចំផែនការការពារសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចនិងលោកជំទាវបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី «ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧មីនា ឆ្នាំ២០២៤ ខាងមុខនេះ។ នាឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយអ្នកចូលរួមប្រមាណជាង៤០០០នាក់ ដែលក្នុងនោះមានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធនៅទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូបទៀត។
សូមបញ្ជាក់ជូនថា ទិវាវប្បធម៌ជាតិ នាឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ហើយទិវានេះទៀតសោត គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕









Laisser un commentaire