កាលពីថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាខេត្តពោធិ៍សាត់ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១ ឆ្នាំ២០២៣ « មរតកយើង » នៅសួនច្បារ១៤មករា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចូលរួមជាអធិបតីបើកកម្មវិធីព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១ ដោយឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តមឡាយ វិសិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ការរៀបចំឲ្យមានព្រឹត្តិការណ៍មរតកយើង ក្នុងគោលបំណងនាំយកសិល្បៈនិងមរតកវប្បធម៌អរូបីជូនដល់សាធារណជន ហើយក៏ជាយន្ដការផ្សព្វផ្សាយដ៏មានសក្តានុពលសម្រាប់ឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត បានឃើញ បានស្គាល់ និងបណ្ដុះទឹកចិត្តស្រឡាញ់មត៌កវប្បធម៌។ យន្ដការនេះស្ថិតក្នុងគោលនយោបាយអាទិភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺ“អភិរក្សនិងលើកកម្ពស់មត៌កវប្បធម៌អរូបីកម្ពុជា”។ បន្ថែមពីនេះ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺដើម្បីផ្សព្វផ្សាយនិងលើកតម្កើងសិល្បៈសហគមន៍តាមតំបន់ ក៏ដូចជាឱកាសសំរាប់ការកសាងបណ្តាញ និងទីផ្សារសំរាប់សិល្បករនិងសិប្បករ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរ ចំណូលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផង។ ទន្ទឹមនេះព្រឹត្តិការណ៍មរតកយើង រៀបចំជាពិសេសដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិផង។

ព្រឹត្តិការណ៍វប្បធម៌នេះមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់៩ ខែមេសា ឆ្នាំ២០២៣។ ក្នុងរយៈពេល២ថ្ងៃនេះផងដែរ ក៏មានការតាំងពិព័រណ៍សម្ភារៈសិប្បកម្មប្រពៃណី និងវត្ថុសិល្បៈ រួមមានមុខខ្មុករបាំ, ហូលពិតាន, សម្ភារៈឆ្លាក់និងសម្ដែងល្ខោនស្បែកធំ, សម្ភារៈនិងវត្ថុសិល្បៈធ្វើពីថ្មនិងត្នោត, ការបង្ហាញខ្លែងនិងការបង្រៀនធ្វើខ្លែង, ការបង្រៀនគូររូប, ការបង្ហាញព័ត៌មានពីសមាគមហ្វារពន្លឺសិល្បៈ, ការធ្វើបទបង្ហាញ និងចាក់ផ្សាយវីដេអូឯកសារសិល្បៈ និងវត្ថុសិប្បកម្មផ្សេងៗជាដើម។ ចំណែកសិល្បទស្សនីយភាពដែលបានលើកយកមកបង្ហាញមានដូចជាការប្រគុំភ្លេងមហោរី, ការសម្តែងសៀករបស់សមាគមហ្វារពន្លឺសិល្បៈ, ការសម្តែងចាប៉ីដងវែង របស់ព្រឹទ្ធាចារ្យ ទេពវោហារ ឯល ពេជ (មត៌កមនុស្សរស់), ការសម្តែងល្ខោនស្បែកធំ របស់ក្រុមល្ខោនស្បែកធំលោកតា ទី ជៀន ដឹកនាំដោយ ព្រឹទ្ធាចារ្យ ចម្មការភិរក្ស ជៀន សុផាន, ការសម្តែងល្ខោនស្បែកតូច (អាយ៉ង) របស់សមាគមសិល្បៈសុវណ្ណភូមិ និងការសម្តែងល្ខោនបុរាណរបស់ក្រុមសិល្បៈវត្តកៀនស្វាយក្រៅ។

ព្រឹត្តិការណ៍វប្បធម៌«មរតកយើង» ប្រព្រឹត្តទៅដោយរលូន និងជោគជ័យជាផ្លែផ្កា ដោយសារមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់, សាលាខេត្តពោធិ៍សាត់ ក៏ដូចជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *