ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣
សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដល់សិក្ខាកាមនិងសាលា បណ្តុះបណ្តាលក្របខណ្ឌវប្បធម៌យកទៅអនុវត្ត ដើម្បីអោយដើរស្របតាមបរិបទសង្គម និងកម្មវិធីកំណែទម្រង់ និងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល៖
១. សិក្ខាកាមដែលមានតួនាទីគ្រប់គ្រង ការអភិវឌ្ឍធនធានមនុសុ្សនៅតាមអង្គភាព ត្រូវបន្តស្វ័យសិក្សាបន្ថែមទាំងទិដ្ឋភាពច្បាប់និងឯកសារគោលនយោបាយ និងរៀនសូត្រពីការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការងារក្នុងវិស័យវប្បធម៌អោយដើរស្របតាមការរីកចម្រើន របស់សង្គមនាពេលបច្ចុប្បន្ននេះ។
២. សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ត្រូវដើរតួនាទីជាសេនាធិការ ក្នុងការងារបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌ ក្នុងការជ្រើសរើសប្រធានបទសំខាន់ៗ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដោយយោងទៅតាមការវិវត្តនៃកំណែទម្រង់ និងតម្រូវការរបស់រដ្ឋក្នុងវិស័យធនធានមនុស្ស។
៣. ស្នើសុំសិក្ខាកាមត្រូវយកចិត្តទុកដាក់លើការសិក្សា ត្រូវកត់ត្រារាល់ចម្ងល់ និងចោទសួរទៅវាគ្មិន ឬចែករំលែកបទពិសោធដល់សិក្ខាកាមផ្សេងៗទៀត លើការងារគ្រប់គ្រងធនធានមនុស្សតាមអង្គភាពនេះ។
ចុងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ចំពោះ លោកសាស្រ្តាចារ្យ និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងមុខងារសាធារ និង សាលាភូមិន្ទរដ្ឋបាល ដែលបានចំណាយពេលដ៏មាន តម្លៃ មកចូលរួមធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង ដល់សិក្ខាកាមមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈក្នុងរយៈពេល៤ថ្ងៃនេះ។














Laisser un commentaire