នៅថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង”។

នាយកដ្ឋានបុរាណវត្ថុ អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីគោលការណ៍ថ្មីនៃការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំងដោយក្រសួងវប្បធម៌បានដាក់អោយប្រើប្រាស់នាពេលថ្មីៗកន្លងទៅ និងអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ផ្ទុកនិងចែករំលែកទិន្នន័យបញ្ជីសារពើភណ្ឌបុរាណវត្ថុលើបណ្ដាញអ៊ិនធឺណែតអនឡាញ។ កម្មវិធីនេះមានសមាសភាពការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរវប្បធម៌រាជធានី/ខេត្តទាំង២៥ មន្ត្រីសង្ឃនៃគណៈសង្ឃនាយក មន្ត្រីនគរបាលការពារបេតិកភណ្ឌ មន្ត្រីគយនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មន្ត្រីនៃអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានបេតិកភណ្ឌ និងអាជ្ញាធរពាក់ព័ន្ធសរុបចំនួន១០០នាក់ ព្រមទាំងការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជំនាញៗជាច្រើនរូប។

ជាលទ្ធផល សិក្ខាកាមទទួលបាននូវចំណេះដឹងគួរជាទីមោទនៈ តាមរយៈចូលរួមពិគ្រោះពិភាក្សាយ៉ាងផុសផុល និងការសាកល្បងអនុវត្តការចុះបញ្ជីជាក់ស្ដែង និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនេះ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅបម្រើអង្គភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។ ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តម គណៈធិបតី ក៏មានការផ្តល់ជូនវិញ្ញាបនបត្រដល់សិក្ខាកាមផងដែរ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *