ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីអំពី«ការអភិរក្ស និងលើកតម្លៃមត៌កវប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណី» នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូលពីអ្នកពាក់ព័ន្ធដែលជាវាគ្មិនតំណាងការិយាល័យយូណេស្កូភ្នំពេញ, តំណាងសហគមន៍តម្បាញស្រុកភ្នំស្រុក, តំណាងសហគមន៍តម្បាញភូមិអង្គរបាន៧, តំណាងសមាគមសិប្បករកម្ពុជា, តំណាងសមាគមសូត្រមាសខ្មែរ, តំណាងសមាគមកីខ្មែរ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងតំណាងមជ្ឈមណ្ឌលសូត្រខ្មែរនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងចូលរួមដោយគណៈកម្មាការជាតិយូណេស្កូ, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ, មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទូទាំងប្រទេស។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីមត៌កវប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណីនៅកម្ពុជា, ការផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗមួយចំនួនរបស់អង្គការយូណេស្កូ ជាពិសេសពាក់ព័ន្ធនឹងអនុសញ្ញាឆ្នាំ២០០៣ ដែលនិយាយអំពីការអភិរក្សមត៌កវប្បធម៌អរូបី។ សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមសហការយ៉ាងសកម្មពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងការិយាល័យយូណេស្កូភ្នំពេញ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *