នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្តល់ការគាំទ្រដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យវប្បធម៌និងវិចិត្រសិល្បៈ។ ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ទន្ទឹមនឹងនេះ អនុស្សរណៈនេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ( verify.gov.kh) គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

រូបភាព : នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *