នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២ ក្រុម១ ក្រោមអធិបតីភាពឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងសិក្ខាកាមជាលោកគ្រូអ្នកគ្រូសាលាមធ្យមវិចិត្រសិល្បៈចូលរួមចំនួន៨៥រូប។ ចំពោះវគ្គបណ្តុះបណ្តាលនេះគឺជ្រើសរើសយកលោកគ្រូ អ្នកគ្រូ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលនូវជំហាន១ មកបណ្តុះបណ្តាលនូវជំហាន២បន្ត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពនៃការបង្រៀន ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន ក្នុងបរិបទថ្មីបែបឌីជីថល ពោលគឺផ្តោតលើបំណិននៃការគ្រប់គ្រងថ្នាក់រៀននិងវិធីសាស្រ្តក្នុងការគ្រប់គ្រងសិស្សជាដើម។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះគឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈបន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀនតាមរបៀប «គ្រូមជ្ឈមណ្ឌល» មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា«សិស្សមជ្ឈមណ្ឌល»ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តន៍កិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូ ត្រូវបង្រៀនទៅតាមប្លង់មេរៀនច្បាស់លាស់ ស្របតាមប្រភេទនៃកិច្ចតែងការ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំផងនិងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផង។
ម្យ៉ាងវិញទៀតនៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តកំណត់យកនយោបាយអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ក៏ជាការបន្តរួមចំណែកធ្វើឱ្យគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគឺដើម្បីជួយដល់គ្រឹះស្ថានអប់រំក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។ សូមបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលខាងលើ ក៏មានការបញ្រ្ជាបសារអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ការជួញដូរគ្រឿងញៀនដល់លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕



















Laisser un commentaire