ថ្ងៃសុក្រ ៩ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្ត្រនៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ជូនលោកគ្រូអ្នកគ្រូ សាលាមធ្យមវិចិត្រសិល្ប:សរុប៨៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមមតិសំណេះសំណាល និងផ្តាំផ្ញើ ដល់សិក្ខាកាម:
១. គ្រូបង្រៀនក៏ជាអ្នកមគ្គុទេសក៍ ដ៏ចំណានក្នុងការបង្ហាញផ្លូវ ជាអ្នកបំភ្លឺផ្លូវ ដែលមានភាពស្មោះត្រង់ មានគុណធម៌ខ្ពស់ចំពោះសិស្ស។ ក្នុងនោះដែរ គ្រូបង្រៀនត្រូវធ្វើជាទីប្រឹក្សា ដែលត្រូវដើរតួនាទីជាអ្នកអប់រំ ជាអ្នកដឹកនាំ ព្រមទាំងផ្ដល់ឲ្យសិស្សបានឃើញ បានយល់ពីឧត្ដមគតិជឿនលឿន និងបង្ហាញសិស្សពីមាគ៌ាអភិវឌ្ឍនចំណេះដឹង សមត្ថភាព ប្រកបដោយភាពត្រឹមត្រូវ។
២. គ្រូបង្រៀនត្រូវតែរក្សាទឹកចិត្តស្រឡាញ់រាប់អានសិស្សប្រៀបដូចជាកូនរបស់ខ្លួន មានក្ដីស្រឡាញ់ មានការអាណិតអាសូរ រក្សាទឹកចិត្តអត់ឱន ស្និទ្ធស្នាលក្នុងឋានៈជាឪពុកម្ដាយ
៣. ក្នុងនោះផងដែរ គ្រូបង្រៀនក៏ជាអ្នកស្រាវជ្រាវ អ្នកបង្កើតថ្មី និងអ្នកផ្ដល់ទស្សនវិស័យ ដល់សិស្សទៅតាមលទ្ធភាព សមត្ថភាពដែលខ្លួនមាន និងព្យាយាមពង្រីកចំណេះដឹងខ្ខ្លួនឯង។ កត្តានេះគឺមានន័យថាគ្រូបង្រៀន គឺមិនមែនគ្រាន់តែជាបុគ្គលដែលចាំបាច់ត្រូវតែផ្ទេរចំណេះដឹង និងបង្រៀនទេ។ ប៉ុន្តែគ្រូបង្រៀន គឺជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលត្រូវតែស្វែងរកអ្វីដែលថ្មី យកបង្ហាញនិងពិភាក្សាជាមួយសិស្ស ដើម្បីស្វែងរកគំនិតដែលជួយឲ្យមានភាពជឿនលឿនដល់សង្គម និងសមត្ថភាពសិស្ស។
៤. ត្រូវស្មោះត្រង់ និងតម្កល់ផលប្រយោជន៍អង្គភាព និងក្រសួងស្ថាប័នជាធំ
៥. រក្សាវិន័យ និងគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូ
៦. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព
ជាចុងក្រោយត្រូវយកចំណេះដឹងដែលសិក្សានៅថ្ងៃនេះ ទៅបំពេញចំណុចខ្វះខាត នៅអង្គភាព និងបន្តជួយផ្សព្វផ្សាយនិងបង្ហាត់បង្រៀន សិស្ស ដើម្បីរួមចំណែក ពង្រឹងប្រសិទ្ធភាពការងារអប់រំ និងទទួលផលិតផលកាន់តែល្អប្រសើរ៕
សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌






















Laisser un commentaire