គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក បានអញ្ជើញចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរសេនាតូច ៧៩៥ ។

នាឱកាសនោះដែរ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថរដ្ឋលេខាធិការ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។ ក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមបានលើកឡើងថា ថ្វីដ្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារបូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាព ពុះពារជម្នះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងនៅសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។

ដោយឡែកអំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរសេនាតូច ទាំងពីរខាងលើរួមមាន គ្រឿងឧបភោគ បរិភោគ(អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មីខ្លាឃ្មុំស្ករស ប៊ីចេង ប្រេងឆា) ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *