ព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ទ្បងឌី សាន់ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម សាស្ត្រាចា្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាធនធានបញ្ញវនល្អឆ្នើមមួយរូបផ្នែកប្រវត្តិសាស្ត្រខ្មែរ។
យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះជាមួយ លោកជំទាវ ព្រមទាំងបុត្រ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សពឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សូមបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។






Laisser un commentaire