នាថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការជាតិ យូណេស្កូ កម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រុម ការងារ លេខាធិការដ្ឋាននៃគណៈ កម្មាធិការជាតិស្មារតីចងចាំ ពិភពលោក រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពី «ការបង្កើត ទម្រង់ ពាក្យស្នើសុំ និងបែបបទណែនាំដើម្បីសុំចុះ បេតិកភណ្ឌ ឯកសារក្នុងបញ្ជី ស្មារតីចងចាំពិភពលោកថ្នាក់ជាតិ» នៅសាល អង្គរវត្ត នៃក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំអញ្ជើញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ប្រធាន និងអគ្គលេខាធិការ នៃគណៈកម្មាធិការស្មារតី ចងចាំពិភពលោក ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក, ប្រធានអនុគណៈកម្មាធិការចុះបញ្ជី ស្មារតីចងចាំពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វិក, អ្នកជំនាញដែលធ្លាប់ អនុវត្តកិច្ចការ បង្កើត ទម្រង់ពាក្យស្នើសុំថ្នាក់ជាតិនេះ ឬមាន ចំណេះដឹងលើដំណើរការនៃ ការចុះបញ្ជីថ្នាក់តំបន់ ឬអន្តរជាតិ ដូចជា សារមន្ទីរទួលស្លែង បណ្ណាល័យជាតិ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងស្ថាប័នពាក់ព័ន្ធនានា ដែលត្រូវយកទៅអនុវត្ត និងផ្សព្វផ្សាយ។ គោលបំណងនៃសិក្ខាសាលានេះ គឺពិគ្រោះយោបល់អំពីខ្លឹមសារ នៃទម្រង់ពាក្យស្នើសុំ បែបបទណែនាំ និងលក្ខខណ្ឌផ្សេងៗ គឺធ្វើយ៉ាងណាប្រមូលព័ត៌មាន និងធាតុចូលពីសិក្ខាកាមទាំងអស់ ដើម្បីឲ្យមានការឯកភាពគ្នាមុននឹងយកទៅប្រើប្រាស់សម្រាប់ការចុះបញ្ជីស្មារតីចងចាំពិភពលោកថ្នាក់ជាតិ។ ការបង្កើតទម្រង់ពាក្យស្នើ សុំបញ្ចូលបេតិកភណ្ឌឯកសារក្នុងបញ្ជីស្មារតីចងចាំពិភពលោកថ្នាក់ជាតិនឹងផ្តល់ជាអត្ថប្រយោជន៍ដូចតទៅ៖

– ផ្ដល់ភាពងាយស្រួលដល់ស្ថាប័នរដ្ឋ ឬឯកជនក្នុងការស្នើសុំ បញ្ចូលបេតិកភណ្ឌឯកសារ ដែលស្ថាប័នទាំងនោះ យល់ថាមានសារៈសំខាន់

– ជាយន្តការប្រើប្រាស់ក្នុងការស្រង់ព័ត៌មានបឋមទាក់ទង បេតិកភណ្ឌឯកសារថ្នាក់ខេត្ត ស្ថាប័នរដ្ឋ ឬឯកជន ដើម្បីពិចារណាក្នុងការចុះបញ្ជីស្មារតីចងចាំពិភពលោកថ្នាក់ជាតិ។

អត្ថបទ៖ គណៈកម្មការជាតិយូណេស្កូកម្ពុជា


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *