ខេត្តកណ្តាល ៖ ព្រឹកថ្ងៃពុធ ៧កេីត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្ដាយបង្កេីត ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន គឺការបាត់បង់ម្ដាយ ម្ដាយក្មេក ជីដូនជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។
យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៌សែនក្រៀមក្រំបំផុតនេះជាមួយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន សូមបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។











Laisser un commentaire