រសៀលថ្ងៃពុធ​ ៣រោច ខែបឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥​ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ​ ម៉ិញ​ កុសនី​ រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ​ ៤កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំ​ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ លោកជំទាវ​ ម៉ិញ​ កុសនី​ គឺការបាត់បង់ភរិយា​ ម្ដាយ​ ជីដូនជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌​ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងគឺជាការបាត់បង់នូវព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលេីវិស័យសិល្បៈរបាំបុរាណខ្មែរ​ ដែលបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី​ និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រេីវិស័យសិល្បៈវប្បធម៌​ ដែលជាគំរូវីរភាព​ និងជាគុណបំណាច់របស់លោកជំទាវចំពោះបុព្វហេតុបម្រេីជាតិមាតុភូមិ។

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខដ៌សែនក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារ នៃសព​ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ​ ម៉ិញ​ កុសនី​ សូមបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *