———————————————

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃពុធ​ ១០រោច ខែអស្សុជ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០​ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលជាថ្ងៃកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ ក្រោមព្រះរាជបូនីយកិច្ចរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរៈក្សត្រ ព្រះបិតាឯករាជ្យជាតិ ក្រោយពីបារាំងបានដាក់អាណានិគមមកលើកម្ពុជាអស់រយៈពេល ៩០ឆ្នាំ។

ក្នុងនាមថ្នាក់ដឹកនាំ​ មន្រ្តីរាជការទាំងអស់ ដែលជាយុវជនជំនាន់ក្រោយ ​ នៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ សូមចងចាំជានិច្ចមិនអាចភ្លេចបាននូវស្នាព្រះហត្ថ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្ដុង្គឧត្ដម នៃព្រះករុណា​ ព្រះបរមរតនកោដ្ឋ​ និងគុណណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីជាតិ ប្រជារាស្រ្ត និងបូរណភាពទឹកដី​ និងចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *