នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ប្រតិភូ ទីម័រលេស្តេ មកពីស្ថាប័ន ពាក់ព័ន្ធចំនួន ១៥រូប នៅសារមន្ទីរទួលស្លែង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ដោយប្រតិភូគ្រោងនឹងទស្សនកិច្ចនៅ សារមន្ទីរទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បណ្ណសារដ្ឋានជាតិកម្ពុជា សារមន្ទីរជាតិ សារមន្ទីរព្រះឦសានវរ្ម័ន និងព្រះបរមរាជវាំង។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីការអភិរក្សឯកសារប្រវត្តិសាស្រ្តសម័យខ្មែរក្រហម សកម្មភាពអប់រំផ្សព្វផ្សាយ ការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជា។ កម្មវិធីនេះ សហការរៀបចំដោយការិយាល័យយូណេស្កូប្រចាំកម្ពុជា ជាមួយនឹងការិយាល័យយូណេស្កូប្រចាំប្រទេសឥណ្ឌូណេស៊ី ក្រោមជំនួយឧបត្ថម្ភពីអង្គការ KOICA ។

ក្នុងថ្ងៃដំបូងនៃទស្សនកិច្ចនេះ មន្រ្តីជំនាញសារមន្ទីរទួលស្លែងបានធ្វើបទបង្ហាញ និងជូនគណៈប្រតិភូទស្សនាអតីតមន្ទីរឃុំឃាំង ស-២១ ដើម្បីស្វែងយល់អំពីការងារអភិរក្សឯកសារ និងកម្មវិធីអប់រំផ្សព្វផ្សាយប្រវត្តិសាស្ត្រឧក្រិដ្ឋកម្មនៃសម័យខ្មែរក្រហម។ ប្រតិភូទាំងអស់បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណើរការរៀបចំរបស់សារមន្ទីរទួលស្លែង ជាពិសេសលើការងារអភិរក្សឯកសារ និងកម្មវិធីអប់រំផ្សព្វផ្សាយនានាដែលបានបំផុសការចូលរួមរបស់យុវជនកម្ពុជាក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រតាមរយៈការជជែកពិភាក្សានៅក្នុងថ្នាក់រៀន និងការស្វែងយល់ដោយផ្ទាល់ នៅសារមន្ទីរទួលស្លែង។

សូមជម្រាបដែរថាកម្មវិធីនេះ ជាផ្នែកមួយនៃគម្រោង “Timor-Leste Benchmarking Training in Phnom Penh for Exchanging Experience and Knowledge in Conflict Reconciliation and Peacebuilding in partnership with Cambodia” របស់អង្គការ UNESCO គាំទ្រដោយអង្គការ KOICA សម្រាប់ប្រទេសទីម័រលេស្តេ ។

#TSGM#UNESCO#KOICA#MCFA


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *