កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក ពេជ្រ ចិត្រា និងលោកស្រី ច័ន្ទ ដាវី ស្ថាបនិក កោះស្លាកែត លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមនៅក្នុងកម្មវិធី សង្រ្កាន្តគូព្រេងព្រឹទ្ធ ដែលរៀបចំឡើង មានល្បែងរបាំប្រជាប្រិយ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ។
លោកជំទាវរដ្ឋលេខាធិការបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានទស្សនកិច្ចជុំវិញបរិវេណរមណីយដ្ឋានកោះស្លាកែត ដែលពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធតាមបែបស្ថាបត្យកម្មរចនាបថបុរាណ ជាតំបន់ឧស្សាហកម្មវប្បធម៌គ្មានផ្សែងដែលបានផ្ដល់ការងារជាច្រើន និងបានបង្ហាញពីការអភិរក្សនិងអភិវឌ្ឍ ទៅតាមអត្តសញ្ញាណខ្មែរ ។
នៅក្នុងសុន្ទរកថាមុននឹងចែកលិខិតថ្លែងអំណរគុណជូនដល់គូព្រេងព្រឹទ្ធ ទាំង១៥គូ លោកជំទាវបានប្រកាសគាំទ្រនិងសន្យាថាជួយផ្នែកបច្ចេកទេសវប្បធម៌ ទៅតាមអ្វីដែលម្ចាស់ស្ថាបនិកទីនេះចង់បាន។ លោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រសួងវប្បធម៌ រីករាយស្វាគមន៍ និងគាំទ្រលើកទឹកចិត្តជានិច្ច ចំពោះបងប្អូនដែលមានបំណងចង់ជួយ បំផុសការកសាងច្នៃប្រឌិតស្នាដៃ ទៅតាមរចនាបថ និងអត្តសញ្ញាណរបស់យើង ពោលគឺការចូលរួមថែរក្សាមរតកវប្បធម៌ជាតិ គឺជាតួនាទី ភារកិច្ច និងជាកាព្វកិច្ចកូនខ្មែរ ទាំងអស់គ្នា ជាពិសេសយុវជនត្រូវចូលរួមដើម្បីវប្បធម៌ជាតិ៕











Laisser un commentaire