ព្រីកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវនេត្រ ភូម៉ារី រដ្ឋលេខាធិការនិងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីប្រារព្វទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) រាជធានីភ្នំពេញ។
គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ នាថ្ងៃទី១១ ខែមីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារនិងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ម្យ៉ាងវិញទៀតការប្រារព្ធទិវាជាតិអំណាននាថ្ងៃនេះ ក៏ដើម្បីរម្លឹកដល់ថ្ងៃប្រសូត របស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣។
ឆ្នាំ២០២៣នេះ មានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីជំរុញ និងលើកកម្ពស់អំណាននៅកម្ពុជាដូចជា៖ ការឃោសនា បិតផ្សាយបដាពាក្យស្លោក ខិតបណ្ណ តាមប្រព័ន្ធផ្សព្វផ្សាយនានា, ការធ្វើសន្និសីទសារព័ត៌មាន, ការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងការតែងនិពន្ធសម្រាប់សិស្សានុសិស្ស តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ, ការប្រកួតប្រជែងបកស្រាយប្រធានបទសំខាន់ៗ របស់មន្ត្រីអប់រំ និងសាធារណជន, ការតាំងពិព័រណ៍សៀវភៅ, ការធ្វើបាឋកថាប្រធានបទសំខាន់ៗ …៕












Laisser un commentaire