បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។

លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។ ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។

លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀតដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

អត្ថបទ៖ លោក យី សុថា

រូបភាព៖ លោក ភោគ ជា


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *