កាលពីថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបេក្ខភាពជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS ចំនួន២៦រូប ដែលមកពី១៥ស្ថាប័ន ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ណែនាំមុននឹងចេញទៅសិក្សានៅប្រទេសជប៉ុននាខែសីហាខាងមុខនេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានធ្វើការកើតសរសើរ និងអបអរសាទរដល់បេក្ខភាពជ័យលាភីទាំង២៦រូប ដែលមានចំណេះដឹងនិងសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងរហូតទទួលបានអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុនដើម្បីទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើមុខវិជ្ជាចំនួន៨ផ្សេងៗគ្នា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៦។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បេក្ខភាពជ័យលាភីទាំងអស់ឱ្យប្រឹងប្រែងតស៊ូរៀនសូត្រ រៀនសម្របខ្លួនក្នុងមជ្ឈដ្ឋានរស់នៅថ្មី និងយកចំណេះដឹង បទពិសោធន៍ដែលទទួលបានពីការសិក្សានៅប្រទេសជប៉ុនមកចែករំលែកដល់យុវជនកម្ពុជាជំនាន់ក្រោយឱ្យបានដឹងនិងស្វែងយល់បន្ថែម៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *