នារសៀលថ្ងៃអង្គារ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យ ហង្ស សុត អតីតអគ្គនាយក បច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១១រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវសមានទុក្ខចំពោះ មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ ហង្ស សុត គឺជាការបាត់បង់ឳពុក ជីតា ជាទីគោរព ស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់ បីបាច់ ថែរក្សា អប់រំណែនាំ ផ្តល់ដំបូន្មាន ល្អៗដល់កូនចៅប្រកបដោយគន្លងធម៌ និងជាឥស្សរជនមួយរូបដែលបានបូជាកម្លាំងកាយចិត្តក្នុងការបម្រើ បុព្វហេតុជាតិមាតុភូមិគ្រប់កាលៈទេសៈ ប្រាជ្ញា ស្មារតី និងពេលវេលាចូលរួម ចំណែកយ៉ាងសកម្មក្នុងការ បម្រើវិស័យវប្បធម៌និងសិល្បៈ។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចូលរួមរំលែក មរណទុក្ខដ៏សែនក្រៀមក្រំនេះនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យ ហង្ស សុត សូមបានទៅក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *