ឆ្នាំ២០២៣នេះគឺជាឆ្នាំគម្រប់ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបង្កើនមិត្តភាពយ៉ាងពិសេស និងយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន។

ជាកិត្តិយសសម្រាប់ប្រតិភូសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា គឺបាននាំយកផ្ទាំងទស្សនីយភាពរបាំអប្សរា របាំសុវណ្ណមច្ឆា របាំមណីមេខាលា និងរបាំផ្លិត សម្តែងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជាភ្ញៀវកិត្តិយសនៅសណ្ឋាគារ Legendale នៃរដ្ឋធានីប៉េកាំង នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានការសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៣០០នាក់៕

អត្ថបទនិងរូបភាព:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *