ប្រទីបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ទទួលបានការចាប់អារម្មណ៍ ក្រោយពីបានបង្ហាញសម្រស់ក្នុងយប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សូមបញ្ជាក់ជូនថា ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរចនាឡើងក្នុងទម្រង់សាជី មានកម្ពស់ ១៦ម៉ែត្រ និងបាតប្រវែង ៣៤ម៉ែត្រ តំណាងឱ្យលំនឹង និងភាពរឹងប៉ឹងនៃភ្នំព្រះសុមេរុ។ ប្រទីបនេះ ផ្គុំឡើងនូវរូបទាំងឡាយ ជានិម្មិតរូបសម្បត្តិវប្បធម៌ជាតិ ដែលជាស្នាដៃ និងបញ្ញាញាណដ៏កំពូលរបស់បុព្វបុរសខ្មែរនិងជាតម្លៃអមតៈនៃមនុស្សជាតិរបស់កម្ពុជា។
ផ្នែកខាងក្រោមប្រទីបលម្អដោយរូបកូរសមុទ្ទទឹកដោះរវាងអសុរ និងទេវតាស្វែងរកជីវិតអមតៈ
តំណាងដោយល្បែងទាញព្រ័ត្រ ជាបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជីឆ្នាំ២០១៥ នៅក្រុងវិនឌុក ប្រទេសណាមីប៊ី។ នៅចំកណ្តាលប្រទីបបង្ហាញរូបរាងប្រាសាទប្រាង្គពណ៌មាសនៃរមណីយដ្ឋានប្រាសាទកោះកេរចុះបញ្ជីបេតិកភណ្ឌពិភពលោកឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅកំពូលរំលេចដោយប្រាង្គបីនៃប្រាសាទអង្គរ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក។
នៅផ្នែកខាងស្តាំមានរូបប្រាសាទព្រះវិហារដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ ២០០៨ ក្រុងកេបិក ប្រទេសកាណាដា។របាំព្រះរាជទ្រព្យបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជីនៅឆ្នាំ២០០៣ នៅក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។
ល្ខោនខោលបេតិកភណ្ឌអរូបីចុះបញ្ជីឆ្នាំ២០១៨ នៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។នៅផ្នែកខាងឆ្វេងមានរូបតោនៃប្រាសាទសំបូរព្រៃគុក បេតិកភណ្ឌពិភពលោក ដែលចុះបញ្ជី ឆ្នាំ២០១៧ នៅក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
រូបល្ខោនស្បែកធំបេតិកភណ្ឌវប្បធម៌អរូបីចុះបញ្ជី២០០៥ ក្រុងប៉ារីស ប្រទេសបារាំង។ចាប៉ីដងវែងបេតិកភណ្ឌអរូបីចុះបញ្ជីឆ្នាំ២០១៦ នៅក្រុងអេតទិសអាបេបា ប្រទេសអេត្យពី។ ល្បុក្កតោបេតិកភណ្ឌអរូបីចុះបញ្ជីឆ្នាំ២០២២ នៅក្រុងរាំបាត ព្រះរាជាណាចក្រម៉ារ៉ុក។ទាំងអស់នេះបញ្ជាក់ពីសមិទ្ធផលនៃជោគជ័យរបស់ប្រជាជាតិ និងប្រជាជនខ្មែរ ក្រោមការដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមកុំភ្លេចចូលរួមទស្សនា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យបានមហោឡារិក និងអធិកអធម ដែលក្នុងនោះ ក្រៅពីមានពិធីប្រឡងប្រណាំងទូកង និងទូកមួង គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ បានរៀបចំបណ្តែតប្រទីបចំនួន៣០ របស់ក្រសួង ស្ថាប័នយ៉ាងស្រស់ស្អាតផងដែរ៕


Laisser un commentaire