រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: មានរៀបចំពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:។

ការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈ នាពេលនេះ ជាការបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់ទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុកមន្ត្រីសាធារណៈ រួមមាន៖ សហព័ទ្ធ និងកូន របស់មន្ត្រីសាធារណៈ ដែលពួកគាត់អាចទៅប្រើប្រាស់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូជាមួយ ប.ស.ស. តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស.។

តាមរយៈពិធីផ្សព្វផ្សាយនេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញ និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍ជូនសមាជិករបស់ខ្លួន៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *