នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នារោងភាពយន្ត Legend Premium Cinema Olympia ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី១២ ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកមហោស្រពនេះ ឯកឧត្តម អធិបតីបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមភាពយន្តឈូករ័ត្ន ដែលបានរៀបចំនូវមហោស្រពនេះឡើងអស់រយៈពេល១២ឆ្នាំកន្លងមកហើយ។ ឯកឧត្តម អធិបតីក៏បានបន្ថែមទៀតថា ក្រុមភាពយន្តឈូករ័ត្ន គឺជាក្រុមយុវជនស្ម័គ្រចិត្តមួយដែលស្រឡាញ់ និងចង់លើកស្ទួយវិស័យភាពយន្ត តាមរយៈការផលិត ការរៀបចំវគ្គបណ្តុះបណ្តាល និង រៀបចំកម្មវិធីធំៗដូចជាមហោស្រពភាពយន្តខ្លីចតុមុខនេះ។ ជាចុងបញ្ចប់ ឯកឧត្តម សោម សុគន្ធ បានលើកទឹកចិត្តនិងជំរុញឱ្យក្រុមភាពយន្តឈូករ័ត្នបន្តរៀបចំមហោស្រពនេះបន្តទៀត ព្រមទាំងជូនពរក្រុមការងាររៀបចំទទួលជោគជ័យនិងមានការគាំទ្រពីសំណាក់ដៃគូ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី១២ ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ពីសំណាក់ដៃគូ សមិទ្ធករជំនាញ ភ្ញៀវពីវិស័យសិល្បៈផ្សេងៗ ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១៥០នាក់។

រូបភាព៖ CINEHUB


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *