អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមពិធីបំពាក់មេដាយជូនរង្វាន់ជ័យលាភីការប្រកួតកីឡារត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ Angkor Ultra Trial លើកទី៥
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមពិធីបំពាក់មេដាយជូនរង្វាន់ដល់ជ័យលាភីការប្រកួតកីឡារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥។ កីឡានេះ អ្នកចូលរួមត្រូវរត់ឆ្លងកាត់ឧបសគ្គ ព្រៃប្រឹក្សា ប្រាង្គប្រាសាទ ភូមិ-ឃុំអ្នកស្រុក និងវាលស្រែមួយចំនួន។
វត្តមានជាអធិបតីភាពក្នុងពិធីនេះ មានរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន, លោកជំទាវ អេវ៉ា ង្វៀង ប៉ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2020 គឺមានវិញ្ញាសាប្រកួតដូចជា រត់១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ដោយមានអ្នកចូលរួមសរុប ១,២៥៥នាក់ មកពី ៤៥ប្រទេស ។ ចំពោះវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ត្រូវចំណាយពេលរត់ប្រមាណ ២៤ម៉ោង ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៩ ខែមករាស្អែក៕


















Laisser un commentaire