នាព្រឹកថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ទីរ និង សិស្សនិស្សិត។
គួររំលឹកដែរថា វិមានរំលឹកអ្នកដែលបានអនិច្ចកម្ម ត្រូវបានកសាងឡើងនៅឆ្នាំ១៩២៥ ដើម្បីរលឹកដល់ជ័យជំនះរបស់បារាំងលើអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១ និង ដើម្បីរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំងក្នុងសង្គ្រាមលោកលើកទី១។ ប៉ុន្តែខ្មែរក្រហម បានបំផ្ទុះគ្រាប់បែកបំផ្លាញកាលពីឆ្នាំ១៩៧៧ ដែលជាហេតុនាំឲ្យមិនមានរូបរាងចាប់ពីពេលនោះមក។
ដោយមើលឃើញ ពីសារៈសំខាន់នៃចំណងការទូតរបស់កម្ពុជា ជាមួយបារាំង រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចឲ្យសាងសង់វិមាននេះឡើងវិញ និងនៅទីតាំងដើម។










Laisser un commentaire