នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសៀវភៅ “ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១៖ កន្លែងចូលមិនដែលចេញ” ដែលរៀបចំឡើងដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ពិធីនេះមានការអញ្ជើញចូលរួមពីបណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និស្សិតជាច្រើនរូបផងដែរ។
សៀវភៅ “ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១ ៖ កន្លែងចូលមិនដែលចេញ” ចងក្រងឡើងក្នុងបំណង រំលឹកពីការរងទុក្ខវេទនា និងការទទួលរងទារុណកម្មរបស់ជនរងគ្រោះ ព្រមទាំងការកាប់សម្លាប់របស់ខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់នៅអតីតមន្ទីរ ស-២១។ សៀវភៅនេះ ជាស្នាដៃទីមួយរបស់កូនខ្មែរជំនាន់ក្រោយ ដែលជាអតីតនិស្សិតប្រវត្តិវិទ្យា ហើយក៏កំពុងបម្រើការងារក្នុងសារមន្ទីរទួលស្លែង ដែលបានចងក្រងសរសេររឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកើតមាននៅក្នុងអតីតមន្ទីរឃុំឃាំងខ្មែរក្រហម ស-២១ យ៉ាងលម្អិត។
ស្នាដៃនេះ ក៏ជាផ្នែកមួយនៃការដាស់តឿនដល់មិត្តអ្នកអានបានយល់ពីព្រឹត្តិការណ៍សោកនាដកម្ម ព្រមទាំងជាឯកសារសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ជាពិសេសស្វែងយល់ពីតម្លៃនៃសន្តិភាព តម្លៃនៃការយោគយល់ ពង្រឹងស្មារតីខ្មែរស្រលាញ់ខ្មែរ និងចៀសវាងកុំឲ្យប្រវត្តិរបៀបនេះកើតមានម្តងទៀតនៅលើទឹកដីកម្ពុជា៕
























Laisser un commentaire