ពិធី«ឡើងមាឃ»ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែធ្វើនៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ន ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួនដោយនាំគ្នាធ្វើពិធីឡើងមាឃឬឡើងអ្នកតានៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។

ខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោល គឺជាការបិទបញ្ចប់ វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ភូមិជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិលនៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង របស់សង្កាត់គោកចក ភូមិក្រវ៉ាន់ របស់សង្កាត់នគរធំ ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់ របស់ឃុំព្រះដាក់ ភូមិសាលាក្រវ៉ាន់ របស់ឃុំរំចេក ភូមិស្រែចង្ហូត របស់ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ របស់ឃុំលាងដៃ នៃស្រុកនគរធំជាដើម តែងធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាតែមួយល្ងាចប៉ុណ្ណោះ។ ចំណែកឯភូមិខ្លះទៀត ធ្វើរយៈពេលមួយយប់មួយថ្ងៃក៏មាន។

នៅឆ្នាំនេះ ភូមិបង្កោងនឹងរៀបចំពិធី«ឡើងមាឃ»នៅថ្ងៃអាទិត្យ ២កើត ខែមាឃ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើពិធីចាប់ត្រីសម្រាប់ធ្វើម្ហូបថ្ងៃឡើងមាឃ នៅត្រពាំងបឹង វេលាម៉ោង៦ព្រឹក។ ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

អត្ថបទ៖ ផ្នែកស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖ លោក យី សុថា/ផ្នែកស្រាវជ្រាវ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *