ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ដែលពិធីនេះប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការរៀបចំព្រះរាជពិធីសម្ពោធនេះ ធ្វើឡើងបន្ទាប់ពីគម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ។
មានប្រសាសន៍ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានឱ្យដឹងថាការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរដែលទទួលជោគជ័យបានគឺអាស្រ័យលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងជាតិ និងអន្តរជាតិជាតិនានា ជាពិសេសប្រទេសជប៉ុន។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបន្តថា ក្រៅពីការងារអភិរក្ស និងអភិវឌ្ឍ ជប៉ុនក៏បានជួយដល់កម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលរហូតមកទល់នឹងពេលនេះ ធនធានមនុស្សទាំងនោះ បានក្លាយ ជាអ្នកជំនាញដ៏សំខាន់នៅក្នុងការងារអភិរក្ស និងអភិវឌ្ឍ តាមតំបន់បុរាណដ្ឋាននានានៅកម្ពុជា។ លោកជំទាវបានរម្លឹកឱ្យដឹងថា ថ្មីៗកន្លងមកនេះ ជប៉ុនក៏បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីបន្ត ការងារអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍ តំបន់បុរាណដ្ឋាននៅកម្ពុជាបន្ថែមទៀតផងដែរ។ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកជាប្រទេសមហាអំណាច នៃសម្បត្តិវប្បធម៌។ កម្ពុជាបច្ចុប្បន្នដោយមិនរាប់បញ្ចូលបុរាណដ្ឋាន ដែលបានបាត់បង់ទៅប្រទេសជិតខាងផងនោះ កម្ពុជានៅតែមានបុរាណដ្ឋានជាច្រើន ដែលត្រូវស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច មុខប្រាសាទអង្គរវត្ត» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ជាមួយគ្នានោះព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ លើសពីនេះទៀត ទ្រង់មានព្រះរាជបន្ទូល បន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ៕














Laisser un commentaire