កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រួមជាមួយសិល្បករ សិល្បការិនីជាច្រើនរូបទៀត បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១ ទី២ ខែមេសា ឆ្នាំ២០២៤ នៅសាលាមធ្យមវិចិត្រសិល្បៈ។

នេះជាការលើកទឹកចិត្តនូវកិច្ចខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ របស់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានរួមកម្លាំងសាមគ្គីគ្នា ក្នុងការរួមថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ ក្នុងបុព្វហេតុប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងជាយុវជនល្អក្នុងសង្គម ចៀសឱ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ក្នុងកម្មវិធីនោះដែរ ក៏មានការតាំងពិព័រណ៍ស្នាដៃសិល្បៈនានា ផលិតផលសិប្បកម្ម ហូលផាមួងខ្មែរ វត្ថុសិល្បៈ ផលិតផលពីត្នោត និងស្ដង់អាហារផងដែរ។ ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈចម្រុះដោយសិស្សានុសិស្ស កម្មវិធីទាំង២ថ្ងៃនេះ ក៏មានការចូលរួមពីសំណាក់សិល្បករក្រៅប្រព័ន្ធ និងតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជាដែលជាអតីតសិស្សធ្លាប់ទទួលការបណ្តុះបណ្តាលនៅទីនោះ បានស្ម័គ្រចិត្តចូលរួមជំរុញផ្សព្វផ្សាយ និងបង្កើនភាពសប្បាយរីករាយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមហាជនទូទៅបានទស្សនាកម្សាន្ត ។ នាឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០លានរៀល ជូនដល់គណៈរៀបចំកម្មវិធីនៃសាលាមធ្យមវិចិត្រសិល្បៈ។

ដើម្បីជាការរួមចំណែកជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ក្រុមយុវជនវប្បធម៌ បានចូលរួមសហការធ្វើការផ្សាយផ្ទាល់បន្ថែមទៀតតាមរយៈផេកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផេក ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ផេករាត្រីចងចាំ ផេកសាលាមធ្យមវិចិត្រសិល្បៈ និងផេកពាក់ព័ន្ធមួយចំនួនទៀត៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *