កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីរាជការលើកិច្ចការរដ្ឋបាលសម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នៃទីស្តីការក្រសួង។

ក្នុងឱកាសនោះឯកឧត្តមបានថ្លែងថា រយៈពេល ៣ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាបានខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹងថ្មីៗ ល្អៗ ពីគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់លើមុខវិជ្ជាមួយចំនួន ដែលទាក់ទងនឹងការងាររដ្ឋបាល ដែលមុខវិជ្ជាទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងកិច្ចការងារប្រចាំថ្ងៃ សំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃកិច្ចការរដ្ឋបាលក្នុងវិស័យវប្បធម៌របស់យើងឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមរបត់និងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ សាលាបានកំណត់ជ្រើសយកមន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។

គោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើ គឺដើម្បីចែករំលែកបទពិសោធនិងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយ: ការរំពឹងទុកថា សិក្ខាកាមនឹងទទួលបានចំណេះដឹង៖

១. កិច្ចការរដ្ឋបាលគឺជាកិច្ចការដ៏សំខាន់ក្នុងដំណើរការនៅតាមអង្គភាពនីមួយៗ

២.ដើម្បីធ្វើឱ្យការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពនិងគុណភាពខ្ពស់

៣.មានការផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងកន្លែងការងារនិងឥរិយាបថពីមនុស្សសាមញ្ញមកជាមន្រ្តីរាជការ

៤.និងជាអ្នកបម្រើការជូនរាជការ បម្រើផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋដោយស្មោះត្រង់ មានឆន្ទៈនិងគោរពវិជ្ជាជីវៈរបស់ខ្លួន៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *