លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនសម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាមធ្យមវិចិត្រសិល្បៈ។

លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាដំណាក់កាលទី១ លើកទី២ ដែលមានសិក្ខាកាមចូលរួមសរុប១០២រូប ស្រ្តី៥០រូប។ ហើយកម្មវិធីសិក្សារយៈពេល៤ថ្ងៃនេះ មានការដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ទី១.មុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីលើកកម្ពស់សីលធម៌របស់គ្រូបង្រៀន លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ ទី២. មុខវិជ្ជាការតាក់តែងប្លង់មេរៀន អនុញ្ញាតឱ្យសិក្ខាកាមទទួលបានពីវិធីសាស្រ្ត ក្នុងការសរសេរប្លង់ បែងចែកកំណត់ពេលវេលា និងវាយតម្លៃលទ្ធផលបង្រៀនរៀងរាល់ពេលបណ្តុះបណ្តាល ទៅលើសូចនាករដែលខ្លួនបានកំណត់ និងវាយតម្លៃក្រោយសិក្សា។ ទី៣.មុខវិជ្ជាវិធីសាស្រ្តគ្រប់គ្រងកំហឹង ដើម្បីប្រសិទ្ធភាពការបង្រៀន អនុញ្ញាតឱ្យសិក្ខាកាមចេះរកវិធីសាស្រ្តក្នុងការរក្សាផ្លូវចិត្ត និងចេះដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន និងទី៤.មុខវិជ្ជាវិធីសាស្រ្តនៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន អនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។

លោកជំទាវ ឆឹង ស៊ីមន បានថ្លែងថា វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់នឹងគោលនយោបាយការអភិវឌ្ឍមូលធនមនុស្សនៃបញ្ចកោណទី១ មុំទី១ ចំណុចទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញ សំដៅការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងវិធីសាស្រ្តបង្រៀន ព្រមទាំងបន្តការលើកកម្ពស់ជីវភាពនិងគុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត។ ហើយវគ្គបណ្តុះបណ្តាលនេះទៀតសោត ពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីគ្រប់គ្រងថ្នាក់រៀន យល់កាន់តែច្បាស់ពីរបៀបរបបការងារ ដែនសមត្ថកិច្ច ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការចាត់ចែង និងការទទួលខុសត្រូវការងារ ការតាមដាននិងការវាយតម្លៃ គុណផលរបស់សិស្សក្នុងថ្នាក់រៀនរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន។

ក្នុងឱកាសនោះដែរ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងក្នុងនាមលោកជំទាវផ្ទាល់ បានថ្លែងអរគុណចំពោះលោកគ្រូឧទ្ទេស ហើយបានថ្លែងបញ្ជាក់ថា លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ដែលមានវត្តមាននៅថ្ងៃនេះ ជាមូលធនមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈទាំងពេលនេះ និងទៅថ្ងៃអនាគត។ ដូច្នេះការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យ និងជំនាញទន់ (soft skill) បន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាលជាពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំបណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈនិងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកលភាវូបនីយកម្ម បច្ចេកវិទ្យា និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *