លទ្ធផលស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ត្រូវបានផ្សព្វផ្សាយដល់សិស្សានុសិស្សនិងអ្នកភូមិ

សិស្សានុសិស្សសាលាបឋម សិក្សាក្រសាំងរលើងនិងអ្នកភូមិចំណុះទួលដូនប៉ុកជាង៦០នាក់ ទទួលបានចំណេះដឹងបន្ថែមអំពីការស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកដោយអ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យហាវ៉ៃ។ នេះគឺជាការបញ្ជ្រាបចំណេះដឹងនិងផ្សព្វផ្សាយឱ្យសិស្ស រួមទាំងប្រជាជនក្នុងសហគមន៍បានយល់ច្បាស់ពីការធ្វើកំណាយស្រាវជ្រាវនិងលទ្ធផលដែលទទួលបានដើម្បីបំផុសគំនិតវិជ្ជមានដល់សិស្សនិងអ្នកភូមិឱ្យស្គាល់ពីបុរាណវិទ្យានិងបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រ។

ទួលដូនប៉ុកជាភូមិមានមនុស្សរស់នៅជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ មានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ តឹកតាងនៃវត្តមានរបស់មនុស្សនៅទីនោះគឺសំណល់កុលាលភាជន៍ ប៉ុន្តែប្រាសាទនៅលើទួលបានដួលរលំនៅស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការបោះបង់ទួលនេះ ប្រហែលស្របពេលនឹងការកសាងវត្តអាធ្វារនាស.វ.ទី១២ឬទី១៣ដែរ ហើយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។

តាមរយៈការស្រាវជ្រាវនេះ អ្នកជំនាញបង្ហាញថាក្រៅពីប្រាសាទនៅរមណីយដ្ឋានអង្គរ ក៏មានប្រាសាទតូចធំ បុរាណដ្ឋានជាច្រើន ហើយមនុស្សបានរស់នៅទីនោះដែលបង្ហាញអត្តសញ្ញាណខ្មែរ ការវិវត្តនៃអរិយធម៌ពីសម័យអង្គរមកដល់សព្វថ្ងៃ និងក៏ជាភស្តុតាងបញ្ជាក់ថា ពួកយើងពិតជាកូនចៅតពីដូនតាសម័យអង្គរមែន។

យុវសិស្ស ហូន គឹមហាន រៀនថ្នាក់ទី៦នៃសាលាបឋមសិក្សាក្រសាំងរលើង មានមតិថា នេះជាលើកទី១ដែលបានស្តាប់ការពន្យល់ពីការងារស្រាវជ្រាវបុរាណវិទ្យា បានឃើញគេធ្វើកំណាយនិងបានស្គាល់អំពីវត្ថុបុរាណក្រោមដី ដែលមិន ដឹងថាទួលនេះមានថ្មបាយ ក្រៀម ប្រាសាទ អំបែងចាន ក្អមទេ ហើយប្តេជ្ញានឹងចូលរួមថែទាំ ក៏ដូចជាសិក្សាពីវាឱ្យបានល្អទៅថ្ងៃអនាគត។

ចំណែកអ្នកស្រី ឈុត គូ នៅភូមិទ្រាក ក៏សប្បាយចិត្តដែលបានឃើញការស្រាវជ្រាវពីប្រវត្តិនៃវត្ថុទាំងនោះនៅទួលដូនប៉ុកដោយផ្ទាល់ បានស្គាល់ភាជន៍ ក្អម ចាន និងប្រវត្តិរបស់វា។ អ្នកស្រីគាំទ្រសកម្មភាពនេះនិងចង់ឱ្យកូនបានរៀនសូត្រផ្នែកនេះផងពេលកូនធំ ដើម្បីបម្រើប្រយោជន៍ដល់ប្រទេសខ្មែរនិងប្រជាជនខ្មែរបានដឹងពីសាវតារបស់ខ្លួន៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

រូបភាព៖ លោក ហាប់ គឹមអាន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *