ក្នុងឱកាសត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស២០២៣ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្ប: សិល្បករ សិល្បការិនី មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសារទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត គឺប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្ប: សិល្បករ សិល្បការិនី និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវក្តីរីករាយក្នុងឱកាសពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការ សមាជិក សមាជិកា ក្រោមឱវាទ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងដើម្បីបង្សុកូលឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃ ចំពោះស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងជាមន្ត្រី​រាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:សូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ​គោរពថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេ មានព្រះជន្មាយុ​យឺន​យូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា​ញ្ញាណ​ភ្លឺថ្លា ដើម្បីគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម​រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួង ក៏បានអញ្ជើញសំណេះសំណាលនិងទស្សនារបាំត្រុដិដែលសម្តែងដោយសិល្បករ សិល្បការិនីនៃសាលាមធ្យមវិចិត្រសិល្ប:៕

រូបភាព: លោកត្រឡុង បូរិន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *