នាព្រឹកថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Cherdkiat ATTHAKOR ដែលត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌កន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរួមមាន៖ ការចូលរួមកិច្ចប្រជុំនានា ដែលរៀបចំឡើងក្នុងប្រទេសទាំងពីរ និងអន្តរជាតិ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូជាន់ខ្ពស់ និងជំនាញនៃប្រទេសទាំងពីរលើគ្រប់កំរិតក្នុងកិច្ចការវប្បធម៌ ការផ្លាស់ប្តូរប្រតិភូសិល្បៈ ការរៀបចំឲ្យមានការសម្តែងសិល្បៈរួមគ្នា ការផ្លាស់ប្តូរសាស្ត្រាចារ្យ ក៏ដូចជានិសិ្សតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងកិច្ចការសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតទាំងផ្នែករូបី និងអរូបី ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែម បន្ទាប់ពីការធូរស្រាលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ និង បណ្តាឆ្នាំខាងមុខទៀតកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ នឹងអាចស្តារសកម្មភាពឡើងវិញ និងមានការរីកចម្រើនជាលំដាប់។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម Cherdkiat ATTHAKOR បានសន្យាថា នាអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ៕
អត្ថបទ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
រូបភាព លោក ត្រឡុង បូរិន











Laisser un commentaire