នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជប៉ុនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ ក្នុងនាមជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងក្នុងអណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន ឲ្យបានរឹងមាំមួយកំរិតថែមទៀត និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសារទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ប្រកបដោយភាពរលូននិងជោគជ័យខ្ពស់ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់ជប៉ុនជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណ និងសកម្មភាពវប្បធម៌ផ្សេងៗទៀត រួមទាំងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ហើយសង្ឃឹមថាកិច្ចការទាំងនេះនឹងបន្តទៅមុខទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ក៏បានស្វាគមន៍ផងដែរ នូវសកម្មភាពវប្បធម៌នានាកម្ពុជា-ជប៉ុន ដើម្បីអបអរសារទរខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *