នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ៉រិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការជាថ្មីដល់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសាទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជានាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ដោយមានការចូលរូមយ៉ាងច្រើនកុះករពីមហាជន ថ្នាក់ដឹកនាំ សិល្បករ-សិល្បការិនី និងអ្នកជួយឧបត្ថម្ភពីផ្នែកឯកជនជាច្រើនទៀត។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់សហរដ្ឋអាមេ៉រិកជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការងារអភិរក្សប្រាសាទបុរាណ ការនាំមកកម្ពុជាវិញនូវសម្បត្តិវប្បធមខ្មែរ ដែលត្រូវបានគេលួចដោយខុសច្បាប់នាអំឡុងពេលកន្លងមក និងកិច្ចការផ្សេងទៀតក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ៕









Laisser un commentaire