នៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្ទះសសរ១០០ នៅវត្តរកាកណ្តាល ខេត្តក្រចេះ ក្រោយការសាងសង់ជួសជុលនិងតម្លើងឡើងវិញចប់សព្វគ្រប់ ដើម្បីអនុញ្ញាតឲ្យមន្ទីរអាចបើកទ្វារជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។ ផ្ទះសរសរ១០០ ជាផ្ទះឈើបុរាណមួយដែលមានអាយុកាលជាង១៥០ឆ្នាំ ហើយបច្ចុប្បន្ននេះសសរផ្ទះធំមាននៅសល់តែចំនួន៤០ ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរពិនិត្យលទ្ធភាពសាងសង់បន្ថែម និងស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់។
ក្រៅពីការចូលរួមកម្មវិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំខេត្ត ដោយបានលើកឡើងនូវអនុសាសន៍ណែនាំល្អៗមួយចំនួនទាក់ទងនិងកិច្ចការអភិរក្សបេតិកភណ្ឌជាតិទាំងរូបីនិងអរូបី។ ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានពន្យល់ពីសារៈសំខាន់នៃកិច្ចការអភិរក្សបុរាណដ្ឋាននិងសំណង់បុរាណនានា ដោយការអំពាវនាវឲ្យមន្ត្រីជួយផ្សព្វផ្សាយនិងបង្ការកុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានាដែលនៅក្នុងវត្ត បំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណ ព្រោះមរតកទាំងនោះគឺអាចប្រើប្រាស់បង្កើតជាតំបន់ទេសចរទាក់ទាញភ្ញៀវមកចូលទស្សនាបាន ឧទាហរណ៍ជាក់ស្តែងគឺទីតាំងវត្តរកាកណ្តាលនេះតែម្តងដែលមានអគារវត្ត កុដិ និងផ្ទះសសរ១០០កំពុងក្លាយជាតំបន់ទេសចរណ៍របស់ខេត្ត។ ប្រជាពលរដ្ឋគ្រប់រូប មានកត្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានាចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិចុះបញ្ជី និងការពារនូវរាល់សំណង់សំខាន់ៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ។
លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការសោកស្តាយចំពោះរាល់សកម្មភាពនានាដែលឈានដល់ការបំផ្លាញសំណង់បុរាណមួយចំនួននារយៈកាលថ្មីៗនេះ។ ឆ្លៀតឱកាសនេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើសារបន្តជូនជនរួមជាតិផងដែរថា សកម្មភាពនៃការបំផ្លាញសំណង់បុរាណ គឺបទល្មើសព្រហ្មទណ្ឌដែលប្រឈមការកាត់ទោសជាប់មន្ទីរឃុំឃាំង ម្ល៉ោះហើយសូមប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវជៀសវាងសកម្មភាពនៃការរុករាន ឬបំផ្លាញទីទួលបុរាណនិងសំណង់បុរាណនានា។ ក្នុងករណីមិនច្បាស់ថាជាទីកន្លែងឬសំណង់បុរាណ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬអ្នកជំនាញរបស់យើងដែលមានលេខទំនាក់ទំនងស្រាប់នៅតាមបណ្តាញសង្គម ឬគេហទំព័ររបស់ក្រសួងស្រាប់។
ជាចុងក្រោយ លោកជំទាវបណ្ឌិតសភាចារ្យ បានអំពាវនាយដល់ប្រជាពលរដ្ឋគ្រប់រូបដែលកំពុងរស់នៅ ឬឆ្លងកាត់ខេត្តក្រចេះ សូមឆៀងចូលទស្សនាផ្ទះសសរ១០០ដែលក្រសួងទើបដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះតទៅ។ ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកសសើរដល់ក្រុមការងារមន្ទីរនិងខេត្តដែលបានខិត្តខំសហការរៀបចំទីកន្លែងនេះ ឲ្យក្លាយជាកន្លែងទាក់ទាញទេសចរណ៍សំខាន់មួយរបស់ខេត្ត។












Laisser un commentaire