នៅរសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតឲ្យលោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ក្នុងកិច្ចជំនួប លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគមបានថ្លែងប្រាប់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ពីសកម្មភាពនានារបស់សមាគមជាច្រើនរួមមាន: កម្មវិធីលើកតម្លៃវិស័យបរិស្ថានតាមរយ:ការដាំដើមឈើ កម្មវិធីអប់រំកាត់បន្ថយសំរាមប្លាស្ទីក និងកម្មវិធីបង្កាត់ពូជដំរីជាដើម។
ជាការឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យ បន្តគាំទ្រសមាគមក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរី ដែលជាសត្វកម្រនិងជិតផុតពូជ។ក្នុងកិច្ចជំនួបនេះដែរ លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគម ក៏បានស្នើសុំអនុសាសន៍បន្ថែមទាក់ទងនឹងបេសកកម្មខាងលើ ព្រមទាំងបានអញ្ជើញលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជាអធិបតីក្នុងកម្មវិធីរាត្រីសមោសរ ដើម្បីស្វែងរកមូលនីធិអភិរក្សសត្វដំរីដែលត្រៀមនឹងប្រារព្ធធ្វើឡើងនាពេលខាងមុខ៕
អត្ថបទ:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
រូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌











Laisser un commentaire