រសៀលថ្ងៃសុក្រ ១៣រោច ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រជុំក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំអន្តររដ្ឋាភិបាលស្តីពីរមណីយដ្ឋានអង្គរលើកទី៤ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូនាទីក្រុងប៉ារីស។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់សហប្រធាន ICC-Angkor (ស្ថានទូតបារាំង-ជប៉ុន) ការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ អាជ្ញាធរជាតិអប្សរា លេខាអចិន្ត្រៃយ៍ ICC-Angkor ជំនាញការ Ad-hoc ព្រមទាំងសមាជិកក្រុមការងារទាំងអស់ ព្រមទាំងតំណាងយូណេស្កូប៉ារីសផងដែរ។កិច្ចប្រជុំបានផ្តោតទៅលើការងារចាំបាច់ត្រៀមសម្រាប់កិច្ចប្រជុំអន្តររដ្ឋាភិបាលដែលរួមមាន៖ ការងាររៀបចំឯកសារ និងសៀវភៅស្តីពីសមិទ្ធផល៣០ឆ្នាំនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្នុងក្របខ័ណ្ឌ ICC-Angkor។ ការងាររៀបចំតាំងពិព័រណ៍សមិទ្ធផល៣០ឆ្នាំរបស់ ICC-Angkor ហើយពិព័រណ៍នេះគ្រោងនឹងរៀបចំនៅទីស្នាក់ការកណ្តាលរបស់យូណេស្កូទីក្រុងប៉ារីស។ ការបែងចែកភារកិច្ច និងកិច្ចសហការរបស់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាបាននូវដំណើរការល្អនៃកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះ។

គួររំឭកថាឆ្នាំ២០២៣នេះជាឆ្នាំទី៣០ នៃដំណើរការ ICC-Angkor។ កិច្ចប្រជុំអន្តររដ្ឋាភិបាលនឹងមិនត្រឹមតែផ្តោតទៅលើសមិទ្ធផល៣០ឆ្នាំនិងបញ្ហាប្រឈមនោះទេ ប៉ុន្តែកិច្ចប្រជុំនេះក៏នឹងប្រកាសជាផ្លូវការនូវកិច្ចសហការរួមគ្នា១០ឆ្នាំបន្តទៀតរវាងរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន-បារាំង និងយូណេស្កូក្នុងក្របខ័ណ្ឌ ICC-Angkor រហូតដល់ឆ្នាំ២០៣៣។ នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះក៏នឹងកំណត់ផងដែលអំពីយុទ្ធសាស្រ្ត១០ឆ្នាំខាងមុខសម្រាប់កិច្ចការអភិរក្សនិងអភិវឌ្ឍរមណីយអង្គរ ដែលកិច្ចការអភិវឌ្ឍន៍ធនធានមនុស្សអាចជាទិសដៅសំខាន់ចម្បង៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *