នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវបណ្ឌិតសភា ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមអ្នកភ្លេង ដឹកនាំដោយមហាគរុ ឯល ប៊ុនណា ព្រឹទ្ធាចារ្យអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង៥ជំនាន់ ជាប្រធានកិត្តិយសសមាគមអ្នកភ្លេង។លោក ភោគ សំអុន អគ្គលេខាធិការសមាគមអ្នកភ្លេង បានធ្វើរបាយការណ៍ជម្រាបពីចក្ខុវិស័យ និងគោលបំណងរបស់សមាគម គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ បន្ទាប់ពីមានការព្រួយបារម្ភទាក់ទងនឹងបរិបទសង្គមផ្សេងៗព្រមទាំងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប។ម្យ៉ាងទៀតលោកបានបន្តជម្រាបជូនពីដំណើរការរៀបចំចងក្រងសមាគមដោយមានការចូលរួមជួយជ្រោមជ្រែងពីតន្ត្រីករ សិល្បករ សិល្បការិនី កម្មករ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ននិងគ្រប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ លោក ម៉ិញ សុធីវណ្ណ ប្រធានសមាគមអ្នកភ្លេង និងជាសាស្ត្រាចារ្យតូរ្យតន្ត្រី ឯកទេសហ្គីតាសូឡូ ៥ជំនាន់ រួមជាមួយសាស្ត្រាចារ្យសិល្ប: និងតូរ្យតន្ត្រីបុរាណ៥ជំនាន់ បានបង្ហាញពីគោលការណ៍ ក្រមវិន័យសមាគម និងបានបង្ហាញនូវចំណាប់អារម្មណ៍ម្នាក់ម្តងទាក់ទងទៅនឹងការធ្វើយ៉ាងណារក្សា និងលើកតម្កើងវិស័យសិល្បៈតន្រ្តី អោយកាន់តែល្បី និងមានការគាំទ្រច្រើនបន្ថែមទៀត។ ដូច្នេះសមាគមអ្នកភ្លេងមានទិសដៅ ប្រមូលធនធានមនុស្ស វប្បធម៌ ត្រូវឈរលើស្មារតីរួបរួមគ្នា សាមគ្គីគ្នា ជួយគ្នា ក្នុងនោះមានកត្តា៣យ៉ាង ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។ ក្នុងជំនួបខាងលើ លោកភោគ សំអុន អគ្គលេខាធិការសមាគមអ្នកភ្លេងបានលើកឡើងបន្ថែមទៀតថា ដើម្បីធានានិរន្តភាពកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ សមាគមអ្នកភ្លេងត្រូវឈរលើស្មារតី : ការងារជាក្រុម ដោយប្រកាន់យកគោលការណ៍នវានុវត្តន៍ប្រកបដោយបរិយាប័ន ហើយភារកិច្ចរបស់សមាគមអ្នកភ្លេង គឺការចែករំលែកនិងផ្ទេរចំណេះដឹង ចំណេះធ្វើនូវវិស័យសិល្បៈវប្បធម៌ពីមនុស្សចាស់ទៅយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេន។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងគាំទ្រចំពោះការបង្កើតជាសមាគមអ្នកភ្លេងនេះឡើង ហើយអ្វីដែលសំខាន់គឺការជួយគ្នាទៅវិញទៅមក។ លោកជំទាវបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី ដែលសុទ្ធសឹងជាព្រឹទ្ធាចារ្យ សាស្រ្តាចារ្យជើងចាស់ និងមានស្នាដៃ ហើយចំណេះដឹងនៅសល់ច្រើន ត្រូវគាស់កកាយឡើងវិញ ដើម្បីធ្វើយ៉ាងណាអោយកំរិតនៃភ្លេងកាន់តែពីរោះស្របតាមក្បួនខ្នាត និងពិធីផ្សេងៗ ដោយមានកំរិតស្តង់ដាទំនើបស្របតាមបច្ចេកវិទ្យារីកចម្រើននាពេលបច្ចុប្បន្ននេះ។ លោកជំទាវបណ្ឌិតចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា អ្វីជាបេសកកម្មលើវិស័យវប្បធម៌គឺក្រសួងគាំទ្រ នឹងសូមសមាគមបន្តចងក្រងឯកសារជាគោលឲ្យបានច្រើន ដោយមានកិច្ចសហការនិងឯកភាពពីក្រសួង មុនការបោះពុម្ពផ្សាយ ដើម្បីឲ្យឯកសារមួយនេះ ក្លាយជាឯកសារជាតិសម្រាប់កូនចៅច្រើនជំនាន់ទៅមុខទៀត៕

អត្ថបទ:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន

រូបភាព:នាយកដ្ឋានសិល្ប:ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *