នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឲ្យលោកជំទាវ LU JING សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចៀន ខេត្តហ្វូចូវ នៃសាធារណរដ្ឋប្រជាមាននិតចិន ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជាចិន ឆ្នាំ២០២៣។
លោកជំទាវរដ្ឋមន្រ្តីបានថ្លែងថា ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ មានតាំងពីសម័យកាលយូរលង់មកហើយ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែងពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ។ ទន្ទឹមនេះ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
ជាក់ស្តែង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោមក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចវប្បធម៌ រៀបចំសកម្មភាពសិល្បៈ និងវប្បធម៌នានា ដូចជាការសម្តែងសិល្បៈ ការតាំងពិព័រណ៍ មហោស្រពវប្បធម៌ ការបញ្ចាំងភាពយន្ត ការសិក្សាស្រាវជ្រាវ និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការផ្នែកបុរាណវិទ្យា សារមន្ទីរ បណ្ណាល័យ និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ទន្ទឹមនេះ មិត្តចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងគាំទ្រដល់ការបណ្តុះបណ្តាលជំនាញលើវិស័យវប្បធម៌ជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ភាគីចិនក៏បានធ្វើការអញ្ជើញលោកជំទាវរដ្ឋមន្រ្តី រួមនឹងគណៈប្រតិភូ ផលិតករ និងសិល្បករកម្ពុជា ដើម្បីទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រ ឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្វូចូវ ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិនផងដែរ។










Laisser un commentaire