ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវ Carmen Moreno បានបង្ហាញការពេញចិត្តចំពោះសមិទ្ធផលនានា នៃកិច្ចសហប្រតិបតិ្តរវាងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសភាពអឺរ៉ុប​ លើកិច្ចការងារវប្បធម៌ ដែលក្នុងនោះរួមមានទាំង​សកម្មភាព​ជាច្រើនរៀងរាល់ឆ្នាំ ដូចជា៖ ព្រឹតិ្តការណ៍​មហោស្រពភាពយន្ត ការប្រគុំតន្រី្តដ៏អស្ចារ្យសម្លេងស្រាល ស៊ីហ្វូនី ជាពិសេសក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូល ដើម្បីបង្ហាញពីកិច្ចសហប្រតិបតិ្តដ៏ល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប។

សហភាពអឺរ៉ុប ​មិនមែនជួយឧបត្ថម្ភគាំទ្រតែក្នុងកម្រិតរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺនៅក្នុង​ក្របខ័ណ្ឌអង្គការមិនមែនរដ្ឋាភិបាល ​ក៏បានចូលរួមជួយឧបត្ថម្ភគាំទ្រ ដូចជា៖ អង្គការហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង ​និងអង្គការមួយចំនួនផ្សេងទៀត ដែលសភាពអឺរ៉ុប បានជួយក្នុងការអនុវត្ត​វិស័យវប្បធម៌តាមទីជនបទ ក៏ដូចជាវប្បធម៌ច្នៃប្រឌិតផ្សេងៗ ដែលជាផ្នែកមួយក្នុងការ​ជួយអភិវឌ្ឍន៍​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងនោះភាគីទាំងពីរ ​បានស្វាគមន៍នូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀតរវាងកម្ពុជា សហភាពអឺរ៉ុប ​ក្នុងការបន្តពង្រឹង និងពង្រីកកិច្ច​សហប្រតិបតិ្តការ​លើវិស័យវប្បធម៌ ឲ្យកាន់តែមានការរីកចម្រើន ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការ​ផ្សព្វផ្សាយវប្បធម៌។

លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត សូមជួបប្រទះនូវសុខភាពល្អ កាយពលមាំមួន និងទទួលបានជោគជ័យសម្រាប់បេសកកម្មថ្មីនាពេលខាងមុខ៕

…………………………

អត្ថបទៈ នាយកដ្ឋានRC

រូបភាពៈ នាយកដ្ឋានភាពយន្ត


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *