នាព្រឹកថ្ងៃអង្គារ​ ១៣រោច​ ខែមិគសិរ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤ នៅសាលាខេត្តស្វាយរៀង​ លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និង​វិចិត្រសិល្ប:​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមជាអធិបតី​ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣​ និងលេីកទិសដៅការងារឆ្នាំ២០២៤​ របស់រដ្ឋបាលខេត្តស្វាយរៀង​ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី អនុប្រធាន​ សមាជិក​ សមាជិកា​ ក្រុមការងារ​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ មន្រ្តីរាជការសាលាខេត្ត​ មន្រ្តីរាជការមន្ទីរជំនាញ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្តសរុបប្រមាណ​ ៥២០នាក់។

នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្តីក៏បានពាំនាំនូវការផ្ដាំផ្ញេីសាកសួរសុខទុក្ខ​ពីសំណាក់​ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ សមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​ និងបានថ្លែងកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្វាយរៀង​ ដែល បានបំពេញភារកិច្ចក្នុងឆ្នាំ២០២៣​ កន្លងមកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលគួរជាទីមោទកៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងចូលរួមអនុវត្តនូវគោលនយោបាយ​ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល​ នីតិកាលទី៦​ នៃរដ្ឋសភា​ និងជាការចាប់ផ្ដេីមអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​។

​លោកជំទាវបណ្ឌិតសភាចារ្យ​ បានគូសបញ្ជាក់ផងដែរថា​ ឆ្នាំនេះ​ ជាឆ្នាំទី១​ នៃការអនុវត្តន៍កម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល​ ដែលជានយោបាយដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់​ និងវែងឆ្ងាយ​ ហេតុនេះរដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលការណ៍ណែនាំនូវគោលការណ៍ជាអាទិភាពសំខាន់ៗមួយចំនួនបន្ថែមទៀតដេីម្បីបន្តគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល។

​ក្នុងពិធីនោះ លោកជំទាវបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្តី​ បានផ្ដល់កិត្តិយស​ បំពាក់គ្រឿងឥស្សរិយយស​ ជូនថ្នាក់ដឹកនាំ​ មន្រ្តីរាជការរដ្ឋបាល​ខេត្ត​​ដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមកផងដែរ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *